ដើម្បីទទួលបានដើមទុនចាប់ផ្ដើម ប្រតិបត្តិនិងពង្រីកអាជីវកម្ម ក្រុមហ៊ុនសាជីវកម្មពឹងផ្អែកទៅលើប្រភេទហិរញ្ញប្បទាន២គឺ ហិរញ្ញប្បទាន បំណុល និងកម្មសិទ្ធិ។ ទន្ទឹមគ្នានោះ មូលបត្រ (securities) ក៏ចែកចេញជា២ផងដែរ គឺមូលបត្រ បំណុល (bond) និង មូលបត្រកម្មសិទ្ធិ (share) ដែលត្រូវបានដាក់លក់នៅលើទីផ្សារមូលបត្រ។ ដូច្នេះ នៅក្នុង ក្រុមហ៊ុនសាជីវកម្ម ហិរញ្ញប្បទានបំណុលគឺ ចង់សម្ដៅទៅលើមូលបត្របំណុលហើយហិរញ្ញប្បទានកម្មសិទ្ធគឺសំដៅលើ មូលបត្រកម្មសិទ្ធិ។ នៅពេលនេះ Sabay សូមលើកយកមូលបត្របំណុល (Bond) មកធ្វើការបកស្រាយមួយសិន។
មូលបត្របំណុល ឬហៅម្យ៉ាងទៀតថាសញ្ញា ប័ណ្ណ គឺជាកម្ចីរយៈពេលវែងមួយដែលបោះផ្សាយក្នុងទម្រង់ជាមូលបត្រដោយ ក្រុមហ៊ុនសាជីវកម្ម រដ្ឋាភិបាល ឬភ្នាក់ងាររដ្ឋាភិបាលណាមួយ។ សញ្ញាប័ណ្ណទាំងអស់គឺជាកម្ចីដែលផ្ដល់ដោយអ្នកកាន់កាប់ សញ្ញាប័ណ្ណ (អ្នកទិញ) ទៅឲ្យ ក្រុមហ៊ុនបោះផ្សាយសញ្ញាប័ណ្ណ (អ្នកលក់)។ សញ្ញាប័ណ្ណមួយគឺជាការសន្យារបស់ក្រុមហ៊ុនបោះផ្សាយ ថា នឹងសងត្រឡប់មកវិញនូវចំនួនដែលបានខ្ចី និង ការប្រាក់ ទៅតាមគ្រាដល់អ្នកទិញ។ ការប្រាក់អាចសងជាដំណាក់កាលនៅអំឡុងពេលនៃការឲ្យខ្ចី ឬបង់ផ្ដាច់តែម្ដងនៅពេលប្រាក់កម្ចីត្រូវសងត្រឡប់ឲ្យម្ចាស់ បំណុលវិញ។ សញ្ញាប័ណ្ណត្រូវបានគេហៅម្យ៉ាងទៀតថា ជាឧបករណ៍ វិនិយោគហិរញ្ញវត្ថុដែលមានចំណូលថេរ ព្រោះបរិមាណនៃចំណូលដែល បានពីការទិញសញ្ញាប័ណ្ណគឺថេរពីព្រោះវាមានបញ្ជាក់ពីអត្រាការ ប្រាក់រួចជាស្រេច។
ប្រាក់កម្ចីត្រូវតំណាងដោយឯកសារមួយសន្លឹក និងត្រូវបង់ការប្រាក់ជាដំណាក់កាល។ ប័ណ្ណបញ្ជាក់ នេះ គេឲ្យឈ្មោះថា Coupon ដែលអ្នកទិញត្រូវយកទៅបង្ហាញភ្នាក់ងារទូទាត់នៃក្រុមហ៊ុនបោះផ្សាយ ដើម្បីដកការប្រាក់។
ហេតុផលដែលសញ្ញាប័ណ្ណ ត្រូវបានហៅថាជា ឧបករណ៍បំណុល ព្រោះ អ្នកកាន់សញ្ញាប័ណ្ណមិនមានសិទ្ធិលើកម្មសិទ្ធិ ណា មួយនៅក្នុងក្រុមហ៊ុនដែលបានបោះផ្សាយនោះទេ។ ការសន្យាសងបំណុលគឺជាចំណុចខុសគ្នារវាងសញ្ញាប័ណ្ណ និងប័ណ្ណភាគហ៊ុន។ អ្នកកាន់កាប់សញ្ញាប័ណ្ណគឺជាម្ចាស់បំណុល (Creditor) ចំណែកឯអ្នកកាន់កាប់ភាគហ៊ុនគឺជាម្ចាស់របស់ ក្រុមហ៊ុន។ អ្នកកាន់កាប់សញ្ញាប័ណ្ណអាចទាមទារការទូទាត់ពេញលេញ (សងមកវិញទាំងចំនួនដែលបានខ្ចី និងការប្រាក់ទាំងអស់) បើទោះជាក្រុមហ៊ុនបោះផ្សាយប្រឈមមុខនឹងការក្ស័យធន(Bankruptcy)ក៏ ដោយ។ ជាទូទៅសញ្ញាប័ណ្ណមានច្រើនប្រភេទដូចខាងក្រោម៖
១. សញ្ញាប័ណ្ណរតនាគារឬរដ្ឋាភិបាល Treasury/Government bond
២. ប័ណ្ណបំណុលរតនាគារឬរដ្ឋាភិបាល Treasury/Government Bill
៣. ប័ណ្ណរតនាគារឬរដ្ឋាភិបាល Treasury/Government Note
៤. សញ្ញាប័ណ្ណដែលអាចប្ដូរបាន Convertible Bond
៥. សញ្ញាប័ណ្ណចែកប្រាក់ចំណេញ Participating Bond
៦. មូលបត្រពាណិជ្ជកម្ម Commercial Paper
៧. សញ្ញាប័ណ្ណសន្ទស្សន៍ថ្លៃ Indexed Bond
៨. សញ្ញាប័ណ្ណចំណូលខ្ពស់ High Yield/Junk bond
៩.មូលបត្រដាក់បញ្ចាំ Mortgage Backed Securities
១០. សញ្ញាប័ណ្ណដែលមានខណ្ឌប័ណ្ណសូន្យ Zero Coupon Bond
No comments:
Post a Comment